ខេត្តកណ្ដាល៖សេចក្ដីរាយការណ៍ថា៖ ទីតាំងតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងដែលគេស្គាល់ថាមានម្ចាស់ឈ្មោះ យឿន (ជិតផ្សាអ៊ូរ)ក្នុង ភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ កំពុងបើកលេងយ៉ាងរំភើយ និងបើកចំហរបំផុត ហាក់មិនខ្វាយខ្វក់អំពីច្បាប់ និងសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ។តាមប្រភពពីប្រជាពលរដ្ឋរស់នៅម្តុំបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានយើងថា ទីតាំងខាងលើនេះបើកលេងយូរមកហើយ ថែមទាំងមានម៉ូយចូលលេងល្បែងមិនដែលដាច់ មិនដែលឃើញប៉ូលីសចុះមកចាប់ទេ សង្ស័យគេបង់អោយប៉ូលីសអស់ហើយដឹងបានជាឈរជើងបានយ៉ាងស្រួលបែបនេះ។
ទាក់ទិនករណីនេះដែរយើងមិនដឹងថាម្ចាស់ទីតាំងខាងលើបានផ្តល់លាភសក្ការៈអ្វីខ្លះដល់អាជ្ញាធរក្នុងមូលដ្ឋានជាថ្នូរនឹងការបិទភ្នែក បិទត្រចៀកធ្វើមិនដឹងមិនលឺ ដូចជាការលើកឡើយរបស់ប្រជាពលរដ្ឋរឺយ៉ាងណានោះទេ! គ្រាន់តែធ្វើការផ្សព្វផ្សាយជូនសារទៅកាន់លោក រស់ បាលីន អធិការក្រុងអរិយក្សត្រ ដើម្បីបានជ្រាបជាដំណឹង កុំបណ្តែតបណ្តោយអោយល្បែងស៊ីសងអុកឡុកនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកច្រើនពេក ព្រោះមួយរយៈចុងក្រោយនេះក៏ឃើញមានបទល្មើសលួច ឆក់ ប្លន់កើតមានជាបន្តបន្ទាប់ក្នុងមូលដ្ឋានក្រុងអរិយក្សត្រនេះ ផ្តើមចេញពីល្បែងស៊ីសងនេះដែរ។
ប្រជាពលរដ្ឋក៏សំណូមពរទៅកាន់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលមេត្តាមានវិធានការចំពោះទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែលមានម្ចាស់ទីតាំងឈ្មោះ យឿន (ជិតផ្សាអ៊ូរ) ក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនេះផង ដើម្បីផ្តល់ការជឿជាក់ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕
Tags:
ព័ត៌មានសន្តិសុខសង្គម