(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាផ្សារភ្ជាប់នឹងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ដែលត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងនាកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងលើកទិសដៅការងារបន្តរបស់ក្រសួង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ធ្វើឡើងប៉ុន្មានថ្ងៃក្រោយពេលកម្ពុជាប្រារព្ធពិធីរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា និងស្របពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់នូវការដាក់ចេញគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
ឯកឧត្តមរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កាលពីអតីតកាល អ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ន និងកិច្ចការដែលត្រូវអនុវត្តចំពោះមុខ ដោយខិតខំពូនជ្រំ និងកសាងសមិទ្ធផលជាតិបន្ថែមទៀត ពិសេសគិតគូរលើការអភិវឌ្ឍស្របតាមប៉ូលសេដ្ឋកិច្ច និងសក្តានុពលនៃតំបន់នីមួយៗ សំដៅជំរុញសេដ្ឋកិច្ចជាតិ ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC