ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ចេញកម្លាំងនគរបាលបើកយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគ្មានការលើកលែងឡើយ


   ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះតែម្ដង។

លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការកុំឲ្យមានអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ។

សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម។

គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ដែលភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ ជាក់ស្ដែង កីឡាករវាយស៉ីជម្រើសជាតិម្នាក់ ត្រូវរថយន្ដទំនើបមួយគ្រឿងបើកបុកស្លាប់ភ្លាមៗនៅខណ្ឌទួលគោក ហើយរឿងរ៉ាវនេះក៏មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នោះដែរ ពោលក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយ បើទោះបីជនបង្កត្រូវតុលាការសម្រេចឃុំខ្លួន។

ដោយឡែក ហេតុការណ៍ចុងក្រោយមួយទៀត ដែលបានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបើករថយន្ដ Ford មួយគ្រឿង បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ភ្លាមៗ និង៤នាក់ផ្សេងៗរងរបួស នៅចំណុចស្ពានអាកាសឫស្សីកែវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥។ អ្នកបើកបរត្រូវបានចាប់ខ្លួន និងបញញជូនទៅតុលាការផងដែរ៕






Post a Comment

Previous Post Next Post