នារសៀលថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដំឡើងឋានន្តរស័ក្តិនិងថ្នាក់ជូនមន្ត្រីរាជការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ ដែលជាវិធានការមួយទាក់ទិននឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ និងចំណុចអាទិភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់មុខងារសាធារណៈដែលរួមមាន៖ ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែមានភាពរឹងមាំដោយផ្អែកលើកត្តាមូលធនមនុស្ស គឺត្រូវគិតគូរលើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងបន្ថែមទៀត និងត្រូវមានការឯកភាពរួមគ្នាមួយលើការទទួលស្គាល់រាល់ការចាត់តាំងតួនាទីភារកិច្ច ឬការដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ហើយត្រូវខិតខំប្រឹងប្រែងកសាងកែលម្អសមត្ថភាពរបស់ខ្លួនធ្វើយ៉ាងណាឱ្យក្លាយទៅជាថ្នាក់ដឹកនាំ និងមន្ត្រីដែលប្រកបដោយការទទួលខុសត្រូវ និងទទួលបានការគោរពពិតប្រាកដ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកាន់គោលជំហរដឹកនាំជាសមូហភាព ដើម្បីបង្កើនភាពរឹងមាំ និងសាមគ្គីភាពនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមជឿជាក់ថាការអនុវត្តការងារជាប្រព័ន្ធនឹងអាចសម្រេចបានលទ្ធផលការងារល្អប្រសើរ ពីព្រោះរាល់ការងារទាំងអស់ត្រូវការកិច្ចសហការឯកភាពគ្នាទៅវិញទៅមក ដោយមិនអាចសម្រេចអនុម័តតែឯកឯងបានឡើយ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំឱ្យមានការឯកភាពរួមចំពោះវិធានការគោលនយោបាយសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយផ្អែកលើរបាយការណ៍ ដែលបានដាក់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង សម្ដេចតេជោហ៊ុនសែន ហើយទទួលបានការឯកភាព ដោយត្រូវគិតគូរពីអតីតភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យា និងត្រូវវាយតម្លៃសមត្ថភាពការងាររបស់មន្ត្រីដែលត្រូវដំឡើងឋានន្តរស័ក្កិនិងថ្នាក់ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារក្រោមឱវាទក្រសួងក្នុងការបម្រើជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយរួម គឺការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើបរបស់ក្រសួងសម្រាប់នីតិកាលទី ៧ ស្របតាមស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងនិងការកែទម្រង់ស្ថាប័នតាមរយៈការកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង មានភាពជឿជាក់លើខ្លួនឯង វៃឆ្លាត ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕