សមត្ថកិច្ចចុះរឹបអូសឈើប្រណិតជិត២០សន្លឹករបស់ឈ្មួញដុះស្លែម្នាក់នៅក្រុងបានលុង ប្រគល់ទៅឲ្យមេព្រៃចាត់ការបន្ត


   ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបទីតាំងស្តុបឈើរបស់ឈ្មួញដុះស្លែម្នាក់ប្រគល់យកទៅឲ្យ រដ្ឋបាលព្រៃឈើជាអ្នកចាត់ការបន្ត។ ហេតុការណ៍នៅធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។ 

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញចាស់វស្សារូបនេះត្រូវបានគេស្គាល់ឈ្មោះ គុណ កន្លងមកសកម្មក្នុងការប្រមូលទិញឈើដឹកតាមម៉ូតូខ្នាតយក្ស លួចឆ្មក់ដឹកចេញពីតំបន់ផ្សេងៗ និងតាមបណ្តាស្រុកជាប់មាត់ទន្លេដែលនៅសេសសល់ក្នុងព្រៃសហគមន៍ ព្រៃការពារ និងព្រៃអភិរក្សជីវៈចម្រុះ ដែលនៅសល់ឈើល្អៗ ជាពិសេស ព្រៃសហគមន៍ស្រុកវើនសៃជាដើម ហើយដឹកជញ្ជូននៅពេលយប់កណ្តាលអាធ្រាត្រ ជិតភ្លឺ សម្រុកចូលមកក្រុងបានលុងសំដៅទៅស្តុកទុកនៅក្នុងដីឡូតិ៍មួយកន្លែងនេះ ជារៀងរាល់យប់ ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់បីដូចជាពុំដែលស្គាល់មុខមាត់ពិតរបស់ឈ្មួញឈើឈ្មោះគុណរូបនេះសោះ ទើបពុំដែលឃើញចុះចាប់បង្ក្រាបបានម្តងណាឡើយ ឬមួយក៏ឈ្មួញឈើរូបនេះចេះវេទមន្ត បំបាំងកាយ មិនឲ្យសមត្ថកិច្ចឃើញ?។

ដោយឃើញសកម្មភាពបទល្មើសរបស់ឈ្មួញខាងលើនោះ នៅតែបន្តឥតឈប់ឈរបែបនេះ ទើបកម្លាំងសមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធចាប់បង្ក្រាបតែម្តង។ប៉ុន្តែប្រភពបានបង្ហើបថា គំនរឈើនោះ ត្រូវបាត់ជាច្រើនដុំដោយគេដឹងថាឈើងឿសន្លឹកនេះមានជាង២០សន្លឹកឯណោះ ហើយនៅសល់តែ១៩សន្លឹក ត្រូវគេសង្ស័យថា ឈ្មួញចាស់វស្សារូបនេះចល័តចេញទៅលាក់ទុកនៅទីតាំងផ្សេង បន្ទាប់ពីដឹងថាបែកការ ហើយចាក់សោរទ្វាផ្ទះគេចខ្លួនបាត់ស្រមោល។     

សមត្ថកិច្វចម្រុះចុះឡោមព័ទ្ធគំនរឈើខាងលើនោះរួមមាន កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការនគរបាលខេត្ត កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំផ្ទាល់ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។   

សមត្ថកិច្ចជំនាញ បានបញ្ចាក់ថា ឈើជិត២០សន្លឹកនេះ ជាប្រភេទឈើស្រឡៅសុទ្ធ ដែលមានមុខកាត់(២.៥០សម x ០.១២សម × ២ម៉ែត្រ)  (០.៣០សម × ០.៣០សម × 2ម៉ែត្រ) (០.៤០សម × ០.៥០សម × ២ម៉ែត្រ) ១៩សន្លឹក) សរុបស្មើជាងមួយម៉ែត្រគូប(១.៦៦ម៉ែត្រគូប) ក្នុងនោះមានឈើក្លុំប្រភេទឈើសុក្រំចំនួន ២ដុំផងដែរ។     

បច្ចុប្បន្នឈើជិត២០សន្លឹកនេះជាវត្ថុតាងត្រូវបានកម្លាំងជំនាញមេព្រៃក្រុងបានលុងដឹកជញ្ជូនតាមរ៉ឺម៉ក់ម៉ូតូនាំទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕



Post a Comment

Previous Post Next Post