សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សារស្វាគមន៍នេះតាមរៈឆាណែលតេឡេក្រាមខណៈនាវា Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន៕
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត