(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបំរុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នោះទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនរឹងមាំខ្លាំងបន្ថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការចែករំលែកនូវមតិយោបល់ល្អៗរបស់ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ ពាក់ព័ន្ធនឹងការងារយុវជននៅក្នុងប្រទេសវៀតណាម និងបានគូសបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញសកម្មភាពគ្រប់ផ្នែកឱ្យមានកាន់តែច្រើនឡើង ជាពិសេសយុវជននៅក្នុងមជ្ឈដ្ឋានធុរកិច្ច ដែលទាំងនេះ គឺជាការរួមចំណែកមិនអាចខ្វះបានដល់ការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ៕
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia