សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់


    នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន ។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។ លើសពីនេះ ឯកឧត្តម  UENO Atsushi ក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូត និងសហការី នាឱកាសនេះ ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរវាងកម្ពុជា-ជប៉ុន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។ ចំពោះវិស័យសន្តិសុខ និងការពារជាតិ, សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រចំពោះគោលគំនិតនៃការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា ជាអាទិ៍៖ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោក ដែល សម្តេចធិបតី ផ្ទាល់ ជាអ្នករៀបចំឱ្យមានយន្តការនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខ រួមទាំងការរៀបចំលំហាត់រួមកងទ័ពជើងទឹក តាមសំណើរបស់ភាគីជប៉ុន និងការបោសសម្អាតមីន ជាដើម ៕

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia

Post a Comment

Previous Post Next Post