ឯកឧត្តម ហេង សួរ ប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញជូនសមាជិកគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


      ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្ដីការគណបក្សរាជធានីភ្នំពេញ។

ថ្លែងទៅកាន់សមាជិកប្រមាណជាង៥០០រូប ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានទាំង៤រូបដោយជ្រើសតាំងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ 

បន្ថែមពេលនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីការសម្រេចបោះឆ្នោតជ្រើសរើសជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូបដែលធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប១៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគណបក្សមូលដ្ឋានពង្រឹងការកសាងសមាជិកភាព និងអនុវត្តឱ្យល្អប្រសើរនូវគោលនយោបាយរបស់គណបក្សដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធិផលធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍជាតិមាតុភូមិ៕







Post a Comment

Previous Post Next Post