ភ្នំពេញ៖ តាមរយៈសំណេររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ បានសរសេររៀបរាប់ក្នុងផេតផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសក្តិសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។»
សម្តេចតេជោ ហ៊ុន សែន បានបន្តរៀបរាប់ ថា នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ។
គួជម្រាបផងដែលថា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានប្រកាសសម្រេចជួយយុវសិស្ស អន ផានិត ប្រឡងបាក់ឌុបឆ្នាំ២០២៣ ជាប់និទ្ទេស A ដោយមើលឃើញថា គ្រួសារក្មួយអន ផានិត មានជីវភាពខ្វះខាត ហើយឪពុកម្ដាយជាជនមានពិការភាព សម្តេចតេជោ បានប្រកាស ជួយឧបត្ថម្ភដល់ក្មេងប្រុសនេះនូវកន្លែងស្នាក់នៅ ការសិក្សា ទំនុកបម្រុងការហូបចុក និងប្រាក់ចាយវាយជាប្រចាំ និងផ្ដល់ថវិកាដល់ការសងបំណុលដែលគ្រួសារបានជំពាក់ និងជួយសាងសង់ផ្ទះឲ្យទៀតផង៕
Tags:
ព័ត៌មានជាតិ