ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកពញាឮ ខេត្តកណ្តាល


    នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធនទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីខ្លឹមសារនៃសេចក្តីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅវិមាន៧មករា។

សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ឃុំ និងលោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកា គណបក្សសរុបចំនួន ២៥៥ នាក់។ 

ឯកឧត្តមរដ្ឋមន្ត្រីអនុប្រធានក្រុមការងារគណបក្សខេត្តបានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះមានគោលបំណងដើម្បីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងមានតំណាង សមាជិក សមាជិកាគណបក្សចូលរួមសរុបចំនួន ៣៦០០រូប។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីអនុប្រធានក្រុមការងារគណបក្សខេត្តបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីអនុប្រធានក្រុមការងារគណបក្សខេត្ត បានលើកឡើងអំពីខ្លឹមសារសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ៩ចំណុច របស់មហាសន្និបាតតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជានិងមានប្រសាសន៍លើកឡើងប្រាប់ដល់កិច្ចប្រជុំថា មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៩៦រូប ដែលធ្វើឱ្យសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាសរុបមានចំនួន ១៣១២រូប។ ក្នុងនោះដែរក៏មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលចំនួន២៣រូប និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ចំនួន ៧រូបផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីអនុប្រធានក្រុមការងារគណបក្សខេត្តបានបន្តថា អង្គមហាសន្និបាត បានពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤»។ មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីអនុប្រធានក្រុមការងារគណបក្សខេត្តបានលើកឡើងពីសេចក្តីណែនាំរបស់មហាសន្និបាតដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយប្រជាជន និងបានផ្តាំផ្ញើដល់ក្រុមការងារបក្សទាំងអស់ត្រូវខិតខំអនុវត្តឱ្យបានល្អនូវសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានឧបត្ថម្ភសិស្សនិទ្ទេស A ទូទាំងស្រុកពញាឮចំនួន ៥នាក់ ក្នុងម្នាក់ម៉ូតូ ១គ្រឿង និងវិទ្យាល័យសិស្សទទួលនិទ្ទេស A ចំនួន៣វិទ្យាល័យ ចំនួន ១០លានរៀល និងអ្នកចូលរួម ២០២នាក់ក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕




















Post a Comment

Previous Post Next Post