(បាត់ដំបង)៖កាលពី់ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ អង្គការ W.T.P ដោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងលោកឧត្តមសេនីយ៍ត្រី អុឹង សុងយូ ស្នងការរង និងលោកវរសេនីយ៍ឯក ញ៉ែម ឈន នាយការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ បានបន្តចុះផ្សព្វផ្សាយស្តីពីក្តីស្រមៃ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាសូភី ស្ថិតនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។
បន្ទាប់ពីលោកនាយប៉ុស្តិ៍ ក៏ដូចជាអធិការរងក្រុងបាត់ដំបងបានឡើងចូលរួម ផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសស្តីពីផលប៉ះពាល់ដោយសារធាតុញៀនដល់សិស្សានុសិស្សរួចមក លោក ឥន សាឡូន តំណាងអោយអង្គការ W.T.P របស់ប្រទេសជប៉ុន ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប និងខេត្តបាត់ដំបង ក៏បានបញ្ជាក់ផងដែរថា ការចុះផ្សព្វផ្សាយ និងចាក់បញ្ចាំងស្លាយគំនូរជីវចលរបស់អង្គការជប៉ុននៅសាលាបឋមសិក្សាសូភី ក៏ដូចជាសាលារៀននានាក្នុងខេត្តបាត់ដំបងនេះ គោលបំណងគឺដើម្បីអោយសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រដើម្បីសម្រេចនូវក្តីស្រមៃ ឆ្ពោះទៅគោលដៅកុំឲ្យបោះបង់ចោលការរៀនសូត្រនៅកណ្តាលទី ក៏ដូចជាជួយលើកស្ទួយកម្ពស់ផ្នែកស្មារតី ភ្ញាក់រលឹកនិងមើលឃើញឲ្យកាន់តែវែងឆ្ងាយ ព្រោះមានតែសាលារៀនមួយគត់ដែលអាចពង្រឹងសមត្ថិភាពដល់ពួកគេទៅថ្ងៃអនាគត។
លោកបានបញ្ជាក់បន្ថែមថា អង្គការ W.T.P បានចុះធ្វើសកម្មភាពនៅខេត្តបាត់ដំបងនេះបានរយៈពេលជាង ១០ឆ្នាំហើយ ហើយនិងបន្តដំណើរទៅមុខទៀតដោយមានការឧបត្ថម្ភពីបងប្អូនប្រជាជននៃប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះអង្គការបាននិងកំពុងប្រតិបត្តិការសាងសង់សាលានៅខេត្តសៀមរាបបានជោគជ័យច្រើន ហើយពេលនេះកំពុងបោះជំហានមកទឹកដីខេត្តបាត់ដំបងទៀត ដូច្នេះលោកសូមអំពាវនាវ និងសូមអរគុណចំពោះបងប្អូនប្រជាជនជប៉ុនដែលបានជួយឧបត្ថម្ភគាំទ្រដល់អង្គការ World Theater Project ដែលជាអង្គការបញ្ចាំងខ្សែភាពយន្តដើម្បីក្តីស្រមៃ។