ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍


   ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅជំនួប ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរ បានលើកឡើងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលអង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេរមេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការIOM ដែលគាំទ្រដល់កម្ពុជាលើគម្រោង PROMISE ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបានលក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធ និងការពង្រឹងសមត្ថភាពជំនាញជាដើម។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញទស្សនៈវិស័យរបស់ក្រសួងក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មក្នុងទីផ្សារដែលមានស្រាប់ ក៏ដូចជាការពង្រីកនៅការថែទាំសុខភាពតាមរយៈរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងសមាជិកក្នុងបន្ទុករបស់កម្មករនិយោជិតដែលជាយុទ្ធសាស្ត្រពង្រឹងសុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយ។ 

ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានគាំទ្រ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលលោកស្រីថា បានគិតគូរពីប្រជាពលរដ្ឋ៕









Post a Comment

Previous Post Next Post