ខ្លឹមសារប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ “ដំណើរកម្ពុជាលើខឿនអារ្យធម៌អង្គរ”


    ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពី “ដំណើរកម្ពុជាលើខឿនអារ្យធម៌អង្គរ” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃវឌ្ឍភាពសង្គមកម្ពុជាចាប់តាំងពីសម័យអង្គរដ៏រុងរឿង សម័យចតុម្មុខ និងសម័យបច្ចុប្បន្ន ដែលរូបនីមួយៗមានខ្លឹមសារដូចតទៅ ៖

១-  នាវា ឬ “នាវាសន្តិភាពកម្ពុជា” តំណាងឱ្យអ្នកដឹកនាំប្រទេស ជាអ្នកនាំផ្លូវធ្វើឱ្យកម្ពុជាស្គាល់នូវសុខសន្តិភាព និងភាពចម្រើនរុងរឿងតាមមាគ៌ានៃអារ្យធម៌អង្គរ។

២-  ផ្លាកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងនិមិត្តសញ្ញាក្រសួង តំណាងឱ្យស្ថាប័នទីស្តីការក្រសួង ដែលមាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

៣- ក្បាច់កញ្ចាំងចំនួន ២៥ ស្ថិតនៅខាងលើផ្តែរ តំណាងឱ្យខេត្តក្រុងទាំង ២៥ របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យបច្ចុប្បន្ន។

៤- ប្រាសាទអង្គរវត្តនៅខាងក្រោយ តំណាងឱ្យភាពជាកំពូលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរ ជាឃ្លាំងនៃ​ចំណេះវិជ្ជាផ្នែកសិល្បៈ និងស្ថាបត្យកម្មខ្មែរ ដែលកេរមរតកនៃភាពរុងរឿងនេះបានបន្តមកដល់បច្ចុប្បន្ន និងបានបញ្ចូលក្នុងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ មហាប្រាសាទនេះ ត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសរាប់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

៥- នាគរាជ គឺជាស្ដេចសត្វទីឃជាតិ តំណាងឱ្យមាគ៌ាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបានបន្តតាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្ន និងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិតរបស់សត្វលោក។

៦- តោ ឬ សិង្ហ ឬ សីហៈ គឺជាស្ដេចសត្វចតុប្បាទដ៏មានអនុភាព ក្នុងទស្សនៈខ្មែរសត្វតោ ជានិមិត្តរូបនៃអំណាច         ភាពអង់អាច ដែលជួយបណ្តេញឧបទ្រពចង្រៃ ជាសត្វតំណាងឱ្យឥទិ្ធពលពីធម្មជាតិ គួរឱ្យកោតខ្លាចផង លាយឡំជាមួយការគោរពផងដែរ។ តោក៏តំណាងឱ្យអំណាចផ្លូវគោក ដែលរួមគ្នារវាងនាគនិងតោ តំណាងឱ្យភពដែលមានធាតុទឹកនិងធាតុដីដែលជាធាតុសំខាន់ក្នុងការទ្រទ្រង់គ្នាទៅវិញទៅមក ពង្រោះនូវភាវៈមានជីវិតនិងភាវៈឥតជីវិតឱ្យរស់រវើកស្រស់បំព្រងលើភពផែនដី ប្រកបដោយសុខដុមរមនា។

៧-  ព្រះបរមរាជវាំង ជាស្ថាបត្យកម្មសម័យចតុម្មុខដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថ            ស្ថាបត្យកម្ម​សម័យកណ្តាល។ ព្រះបរមរាជវាំង​​​​ មានអគារប្រកបដោយក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់ និងតំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ។

៨- វិមានឯករាជ្យ ជារចនាបថស្ថាបត្យកម្មខ្មែរសម័យឯករាជ្យដែលបានបន្តដំណើរលើខឿនស្ថាបត្យកម្មអង្គរ ជានិមិត្តរូបនៃការទទួលបាន​​​​​​​​ឯករាជ្យពេញលេញរបស់ប្រទេសកម្ពុជា ពីអាណាព្យាបាលបារាំងនៅឆ្នាំ១៩៥៣ ហើយវិមាននេះត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថរបស់ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

៩-  វិមានព្រឹទ្ធសភា ជារចនាបថស្ថាបត្យកម្មសម័យឯករាជ្យដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ។ ព្រឹទ្ធសភា​​​​ ជាស្ថាប័ន​​នីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភារកិច្ចសម្រិតសម្រាំងច្បាប់ឱ្យបានល្អ និងធ្វើការសម្រសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ហើយព្រឹទ្ធសភា​​​​មានតួនាទីដ៏សំខាន់ក្នុងប្រជាធិបតេយ្យភាវូបនីយកម្មសង្គម និងក្នុងការកសាងកម្ពុជាជានីតិរដ្ឋ និងជាវិភាគទានក្នុងដំណើរការស្ថិរភាពភាវូបនីយកម្មជីវភាពនយោបាយរបស់ជាតិ ជាស្នូលនៃការពង្រឹងនយោបាយ បង្រួបបង្រួម ផ្សះផ្សារជាតិ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿង និងសម្បូរសប្បាយ។

១០- វិមានរដ្ឋសភា ជាស្ថាបត្យកម្មសម័យសន្តិភាពដែលបានបន្តដំណើរពីស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថ            ស្ថាបត្យកម្ម​សហសម័យ។ រដ្ឋសភា​​​​ជាស្ថាប័ននីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភារកិច្ចពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ឬ​សេច​ក្តី​ស្នើ​ច្បាប់ និងជ្រើសតាំងរាជរដ្ឋាភិបាល។

១១- វិមានឈ្នះ-ឈ្នះ ជាតំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលជា​នយោ​បាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តនៅថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩​៩៨ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទាំងស្រុង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកគោលនយោបាយដ៏ធំមួយនេះ និងតំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល។

១២-   អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាបត្យកម្មសម័យសន្តិភាពដែលបានបន្តដំណើរពី           ស្ថាបត្យកម្មអង្គរ តំណាងឱ្យរចនាបថស្ថាបត្យកម្មសហសម័យ ឬរចនាបថរួមសម័យ ដោយធ្វើសំយោគនីយកម្មនៃរចនាបថស្ថាបត្យកម្មសម័យអង្គរ សម័យចតុម្មុខ និងសម័យទំនើប បញ្ចូលគ្នា តំណាងឱ្យការរីកចម្រើននៃវិស័យស្ថាបត្យកម្ម និងសំណង់ តាមបរិបទទំនើបនីយកម្មខ្មែរ។

១៣-វិមានសន្តិភាព តំណាងឱ្យស្ថាប័នដឹកនាំកំពូល និងទីតាំងនៃការដាក់ចេញនូវគោលនយោបាយ ដែលនាំឱ្យនាវាកម្ពុជាទទួលបាននូវសុខសន្តិភាព លើមាគ៌ានយោបាយ ឈ្នះ-ឈ្នះ និងឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

១៤-អគារខ្ពស់ តំណាងឱ្យការរីកចម្រើនលើវិស័យនគរូបនីយកម្ម និងសំណង់ក្រោមម្លប់សន្តិភាព។

១៥-ដងស្ទូច តំណាងឱ្យបច្ចុប្បន្នភាពនៃបច្ចេកវិទ្យានៃការស្ថាបនា និងការបន្តការរីកចម្រើនលើវិស័យសាងសង់ និងធនធានមនុស្ស។




Post a Comment

Previous Post Next Post