ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត


     ក្រុងបូកគោ៖ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ក្រុងបូគោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធកម្មវិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអមដំណើរដោយ លោក សេន សាប៊ីល អភិបាលរងខេត្ដកំពត អ្នកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន  សមាគមយុវជនស្រឡាញ់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម យុវជនកាយរិទ្ធ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាបឋសិក្សាព្រែកត្នោត ត្រាំងរពៅ អនុវិទ្យាល័យត្រពាំងរពៅ វិទ្យាល័យហ៊ុនសែន ព្រែកត្នោត សរុបចំនួន ១ ៨៨៦នាក់ ស្រី៨៨២នាក់ គឺស្របពេលជាមួយរដ្ឋបាលខេត្ដកំពត ក៏បានប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏ដូចជាតាមបណ្ដាស្រុកនានាក្នុងខេត្ដកំពតបានចូលរួមយុទ្ធនាការផងដែរ។ 

គូសបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះ ទូទាំងខេត្ដកំពតមានការចូលរួមយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួនសរុប ១៣១ ២០៣ នាក់ គឺមានសាលារៀនសរុបចំនួន ៤៣៨ សាលា និងជាមោទនាភាពបំផុតកម្ពុជា មានអ្នកស្ម័គ្រចិត្ដចូលរួមប្ដេជ្ញាសរុបចំនួន ៣ ០៨៦ ៤៨០ លាន (បីលាន ប្រាំបីម៉ឺនប្រាំមួយពាន់ បួនរយបែតសិប) អង្គនាក់ ដែលក្នុងនោះ លោកគ្រូ អ្នកគ្រូមានចំនួន ១១៦ ៤១៦ (ដប់មួយម៉ឺន ប្រាំមួយពាន់បួនរយដប់ប្រាំមួយ)នាក់ សិស្សានុសិស្សសរុបចំនួនជាង ៣ ០៨០ ៦៥៤ (បីលាន ប្រាំបីម៉ឺនប្រាំមួយរយហាសិបបួន) នាក់ នៃសាលារៀនចំនួន ៧ ០៥៧ (ប្រាំមួយពាន់ ហាសិបប្រាំពីរ) សាលា និងកម្មករនិយោជិក ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស វត្តអារាម និងសហគមន៍នានា។

ថ្លែងក្នុងពិធីយុទ្ធនាការក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ឯកឧត្ដម ង៉ូវ បូរីណា បានលើឡើងថា ជាមោទភាពណាស់ដែលកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលប្រជាពលរដ្ឋដកដង្ហើមមិនចាំបាច់ចំណាយថវិកា បើធៀបជាមួយប្រទេសដែលមានឧស្សហកម្មធន់ធ្ងន់មួយចំនួនក្នុងសកលលោក ប្រជាជននៃប្រទេសនោះ គឺដកដង្ហើមត្រូវបង់ថវិកា ពោលគឺវិស័យឧស្សហកម្មធន់ធ្ងន់បានបំផ្លាញបរិស្ថាន និងឱស្ម័ន ដែលបណ្ដាប្រទេសទាំងនោះត្រូវបង់ថ្លៃខូចខាតបរិយាកាស។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា ក៏សូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ និងអាជ្ញាធរ សមាគម ក្នុងក្រុងបូកគោ ដែលបានចូលរួមយុទ្ធនាការ ព្រមទាំងស្ម័គ្រចិត្ដប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក។ 

បន្ទាប់ពីបញ្ចប់យុទ្ធនាការ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឯកឧត្ដម ង៉ូវ បូរីណា រួមទាំងគណៈអធិបតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោតផងដែរ។















Post a Comment

Previous Post Next Post