មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លេីងធំ កងទ័ពជើងគោក បានអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ប្រចាំខែដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព ឱ្យកាន់តែយល់ច្បាស់ពីតួនាទីនិងភារកិច្ច របស់កងយោធពលខេមរភូមិន្ទ


    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ​ លឹមហាន  មេបញ្ជាការរង​ បញ្ជាការដ្ឋានកាំភ្លេីងធំ បានអប់រំផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង និងពលទាហានត្រូវតែយកចិត្តទុកដាក់ខ្ពស់ នូវការងារដែលកំពុងអនុវត្ត ព្រមទាំងត្រៀមកម្លាំង និងរថយន្តដើម្បីការពារពីការប៉ុនប៉ងពីពួកប្រឆាំងជ្រុលនិយមក៏ដូចជាអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ក្នុងពេលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៣ និងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ដែលចូលមកដល់ក្នុងពេលខាងមុខនេះ។ 

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែវ​ លឹមហាន ក៏បានសង្កត់ធ្ងន់ថា  យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ ឯករាជជាតិ ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលក្ខណ:ប្រជាធិបតេយ្យ ដែលមាន សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត បេក្ខភាពគណៈបក្សប្រជាជន ជានាយករដ្ឋមន្ត្រី។

ក្រោមការអប់រំណែនាំរបស់ ឧត្តមសេនីយ៍ត្រី​ កែវ​ លឹមហាន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់បញ្ជាការដ្ឋានកាំភ្លេីងធំ បានយកចិត្តទុកដាក់ស្ដាប់ ដើម្បីអនុវត្តឱ្យបានល្អប្រសើរ នូវតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ៕









Post a Comment

Previous Post Next Post