សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លើកជាសំណូមពរទៅប្រទេសវៀតណាមបន្តសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន


     សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅ រវាងកម្ពុជានិងវៀតណាមនៅតែបន្តឈរ ស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត​ ទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ទោះបីក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែបានបន្តទំនាក់ទំនងនិងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានីតិកាលទី៧។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី រដ្ឋសភាកម្ពុជានឹងសម្រេចបាននូវជោគជ័យធំៗជាច្រើនទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរចំពោះសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេចបាននារយៈពេលចុងក្រោយនេះ បន្ទាប់ពីបានបើកប្រទេស ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩ ក្រោមគោលការណ៍ទប់ស្កាត់កូវីត និងយុទ្ធនាការចាក់វ៉ាក់សំាងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ង្វៀន ហ៊ុយ តាំង បានលើកឡើងថា រាជរដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀតជូនជាតិនិងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់ប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកជាសំណូមពរជូនសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខាកន្លងមកនិងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរ ឱ្យបាននៅគ្រប់កម្រិត។

សម្តេចមហារដ្ឋសភាធិការធិបតី បានគាំទ្រការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយគំាទ្រដល់កម្ពុជារហូតមក ជាពិសេសបានរំដោះប្រទេសកម្ពុជាចេញពីរណ្តៅមរណៈកាលពីថ្ងៃទី ៧មករា ឆ្នាំ១៩៧៩។ សម្តេចក៏បានអរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារដល់រដ្ឋសភាកម្ពុជាសម្រាប់ការសាងសង់អគាររដ្ឋបាល ដែលរហូតមកដល់ពេលនេះ ការសាងសង់បាននឹងកំពុងដំណើរការ និងគ្រោងបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្តេចក៏បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត ពីគម្រោងទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់សម្តេចទៅកាន់ប្រទេសវៀតណាម នាចុងខែវិច្ឆិកាខាងមុខ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចទៅក្រៅប្រទេសក្រោយពីការចូលកាន់តួនាទីជាប្រធានរដ្ឋសភា។ តាមរយៈដំណើរទស្សនកិច្ចនេះ សម្តេចមានក្តីសង្ឃឹមថានឹងចូលរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរីកលូតលាស់បន្ថែមទៀត៕














Post a Comment

Previous Post Next Post