ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច ក្លាហាន ដែលបានពលិកម្ម បូជាសាច់ស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង


     ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង ពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣)។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដោយក្ដីនឹករលឹកជាទីបំផុត។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច ក្លាហាន មោះមុត និងមានគុណបំណាច់ដ៏ធំធេង ដែលបានពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរៈអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណៈភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថាជាមួយនឹងគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី មរណៈ តាមរយៈការទំនុកបម្រុងឧបត្ថម្ភនិងជួយសម្រួលលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភដល់យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ២៥គីឡូក្រាម, ត្រីខចំនួន ០២យួរ, ទឹកផ្លែឈើចំនួន ០១កេស, ទឹកបរិសុទ្ធចំនួន ០២យួរ, មីចំនួន ០១កេស និងថវិកាចំនួន២០០,០០០រៀលផងដែរ ៕

Post a Comment

Previous Post Next Post