អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!


      សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។

“ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន និង ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើលការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារបណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នាសម្រាប់អង្គភាពច្រើន។

ស្របតាមបេសកកម្មការពារជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម៖ 

ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ 

ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង, ធនធាន, និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព, ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។

ទី៣- គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព ។ 

ទី៤- សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ 

ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប, មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ។

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia

Post a Comment

Previous Post Next Post