ទីស្តីការក្រសួងបរិស្ថាន៖ នៅព្រឹកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ។ ជាមួយនឹងការថ្លែងឡើងយ៉ាងដូច្នេះ ដោយមានការគូសបញ្ជាក់ពីលោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ថា លោកស្រីចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិ រយៈពេល៥ឆ្នាំរបស់ក្រសួងបរិស្ថាន ដើម្បីងាយស្រួលដល់ ADB រៀបចំគម្រោងថវិកាឱ្យបានសមស្រប និងឆ្លើយតបចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការលើកឡើងនេះ ក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗ ទី១គឺភាពស្អាត ទី២ភាពបៃតង និងទី៣ ចីរភាព។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យកចិត្តទុកដាក់ និងបង្វែរគម្រោងថវិកាឱ្យសមស្រប តាមការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ទើបការប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធិភាព និងតម្លាភាព ។
សូមជម្រាបជូនថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨របស់បរិស្ថាននេះ គឺបានអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០» ៕